ភាគហ៊ុនរបស់ Nissan ស្រុតចុះនៅព្រឹកនេះ ក្រោយក្រុមហ៊ុនអាល្លឺម៉ង់ Mercedes-Benz លក់ភាគហ៊ុនចេញ

August 26, 2025
1Min Read
190 Views

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor បានស្រុតចុះ ៦% ជាងនៅព្រឹកថ្ងៃអង្គារទី២៦ ខែសីហានេះ បន្ទាប់ពីមានព័ត៌មានថា ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes-Benz លក់កម្មសិទ្ធិភាគហ៊ុនចំនួន ៣,៨% របស់ខ្លួននៅក្នុងក្រុមហ៊ុនជប៉ុនខាងលើ។ 

ភាគហ៊ុនរបស់ Nissan បានធ្លាក់មកនៅ ៣៤១យេនក្នុងមួយហ៊ុន ឬស្មើ $២,៣១ ក្នុងផ្សារហ៊ុនទីក្រុងតូក្យូ ត្រឹមម៉ោង ១០កន្លះព្រឹកថ្ងៃអង្គារម៉ោងនៅកម្ពុជា ថយចុះ ៦% ជាងធៀបនឹងតម្លៃជួញដូរកាលពីថ្ងៃចន្ទ។ សូមជម្រាបថា ក្រុមហ៊ុន Mercedes-Benz តាមរយៈភាគហ៊ុនសោធននិវត្តន៍ ឬ Pension Trust របស់ខ្លួន មានចំណែកកម្មសិទ្ធិចំនួន ៣,៨% ស្មើនឹងប្រមាណ ១៤០លានហ៊ុន នៅក្នុងក្រុមហ៊ុន Nissan។ 

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Mercedes-Benz បានស្វែងរកអ្នកទិញភាគហ៊ុនរបស់ Nissan ទាំង ១៤០លានហ៊ុន ក្នុងតម្លៃ ២,៣ដុល្លារក្នុងមួយហ៊ុន ដែលជាតម្លៃទាបជាងតម្លៃជួញដូរជាក់ស្ដែងក្នុងផ្សារហ៊ុនទីក្រុងតូក្យូកាលពីថ្ងៃចន្ទ។ កត់សម្គាល់ថា ក្រុមហ៊ុនផលិតរថយន្តដ៏ចំណាស់មួយរបស់ជប៉ុន Nissan បច្ចុប្បន្នកំពុងព្យាយាមកាត់បន្ថយការចំណាយ និងធ្វើកំណែទម្រង់ក្រុមហ៊ុនឡើងវិញ ចំពេលដែលទីផ្សាររថយន្តរង្គោះរង្គើរខ្លាំងដោយសារកម្លាំងប្រជែងថ្មីរបស់ក្រុមហ៊ុនឡានចិននៅលើទីផ្សារសាកល។ នាយកប្រតិបត្តិរបស់ Nissan លោក  Ivan Espinosa បានប្រកាសកាលពីខែឧសភាកន្លងទៅថា ក្រុមហ៊ុនរបស់លោកនឹងកាត់បន្ថយបុគ្គលិកចំនួន ២ម៉ឺនកន្លែងនៅជុំវិញពិភពលោក។ 

ការសម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនចេញខាងលើ ត្រូវបានអ្នកវិភាគយល់ថា ក្រុមហ៊ុនអាល្លឺម៉ង់ទំនងជាមើលឃើញពីហានិភ័យចំពោះអនាគតនៃភាគហ៊ុនរបស់ Nissan ខណៈអ្នកវិភាគទីផ្សារបានព្យាករណ៍ថា ក្រុមហ៊ុនជប៉ុនមួយនេះនឹងអាចខាតចំនួន ១៥៨០លានដុល្លារនៅក្នុងឆ្នាំ២០២៥។

ដំណើរការលក់ភាគហ៊ុនទាំង ១៤០លានហ៊ុននេះ ត្រូវបានគេរំពឹងថានឹងអាចបញ្ចប់ត្រឹមថ្ងៃទី២៨ ខែសីហាសប្ដាហ៍ដដែល ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ៣២២លានដុល្លារអាមេរិក (១៤០លានហ៊ុន x ២,៣ដុល្លារ)៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider