ប្រទេសបង់ក្លាដែស ដែលជាគូប្រជែងដ៏ធំមួយរបស់កម្ពុជាក្នុងទីផ្សារនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអន្តរជាតិ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកផ្គត់ផ្គង់ស្រូវសាលីរបស់អាមេរិក ដើម្បីទិញស្រូវសាលីពីអាមេរិកចំនួន ៧០ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមសេចក្ដីរាយការណ៍ដោយ Bloomberg។ សកម្មភាពនេះជាផ្នែកមួយដើម្បីស្នើសុំបញ្ចុះពន្ធ ដែលសមភាគីអាមេរិកដាក់ ៣៥% លើបង់ក្លាដែស។
កិច្ចព្រមព្រៀងទិញស្រូវសាលីពីអាមេរិកនេះ នឹងធ្វើឲ្យមានការប្រែប្រួលក្នុងទីផ្សារនាំចូលស្រូវសាលីនៅបង់ក្លាដែស ដែលកន្លងមកគ្រប់គ្រងដោយស្រូវសាលីនាំចូលពីរុស្សី និងអ៊ុយក្រែន ប៉ុន្តែវាជាជម្រើសមួយអាចបន្ទន់ចិត្តលោក Trump ឲ្យបន្ធូរបន្ថយពន្ធវិញខ្លះ។ ប្រឈមមុខនឹងការយកពន្ធ ៣៥% ពោលថ្វីបើទាបជាងកម្ពុជា ១% ប៉ុន្តែអត្រានេះអាចបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេររបស់បង់ក្លាដែស ត្បិតប្រទេសវៀតណាមត្រូវបានបន្ថយពន្ធមកនៅត្រឹម ២០% ប៉ុណ្ណោះ។
យោងតាមទីភ្នាក់ងារបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា បង់ក្លាដែស ដែលជាប្រទេសនៅតំបន់អាស៊ីខាងត្បូង ពឹងផ្អែកលើការនាំចូលស្រូវសាលីពីប្រទេសរុស្សីច្រើនជាងគេ ស្មើ ៣ភាគ៥ នៃទំហំនាំចូលសរុប ៧លានតោនក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៤ និង២០២៥នេះ។ ប្រភពស្រូវសាលីបន្ទាប់ ត្រូវបាននាំចូលពីអ៊ុយក្រែន កាណាដា និងអាហ្សង់ទីន ដូច្នេះយោងតាមកិច្ចព្រមព្រៀងទិញពីអាមេរិកមួយឆ្នាំ ៧០ម៉ឺនតោន នោះនឹងធ្វើឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងទីផ្សារស្រូវសាលីនៅបង់ក្លាដែស បាន ១០%៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0