ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចថៃដែលកំពុងរួមរឹតដោយបញ្ហាជាច្រើនផ្ទួនៗគ្នា កំពុងដាក់សម្ពាធលើធនាគារពាណិជ្ជនៅស្រុកថៃ

July 22, 2025
1Min Read
127 Views

បណ្ដាធនាគារនៅប្រទេសថៃ កំពុងប្រឈមមុខនឹងភាពទន់ខ្សោយទាំងការផ្ដល់កម្ចីថ្មី និងការទារកម្ចីចាស់ ខណៈសេដ្ឋកិច្ចរបស់ប្រទេសជិតខាងកម្ពុជាមួយនេះកំពុងប្រឈមបញ្ហាធំៗដូចជាបំណុលគ្រួសារឡើងខ្ពស់ ការថយចុះនៃវិស័យទេសចរណ៍ ពន្ធគយរបស់សហរដ្ឋអាមេរិក និងអស្ថេរភាពនយោបាយ។ 

បើតាមក្រុមហ៊ុនស្រាវជ្រាវ Citi Research បានឲ្យដឹងថា ក្នុងឆ្នាំនេះបណ្ដាធនាគារ​ក្នុងស្រុកថៃនឹង​ជួបភាពតានតឹងក្នុងការស្វែងរកប្រាក់ចំណូល និងកម្ចីពិបាកទារ ចំពេលដែលសេដ្ឋកិច្ចប្រទេសថៃកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ 

កំណើនសេដ្ឋកិច្ចថៃ សម្រេចបានកំណើនប្រចាំឆ្នាំមិនដល់ ២% ទេក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានផ្សេងទៀតសម្រេចបានកំណើនខ្ពស់ ជាពិសេសប្រទេសវៀតណាម។ សេដ្ឋកិច្ចថៃពឹងខ្លាំងលើការនាំចេញ និងវិស័យទេសចរណ៍ ប៉ុន្តែនៅពេលនេះការនាំចេញកំពុងប្រឈមពន្ធ ៣៦% របស់លោកប្រធានាធិបតី Trump ខណៈចំនួនភ្ញៀវទេសចរណ៍អន្តរជាតិក៏ធ្លាក់ចុះថែមទៀត។ គិតត្រឹមលទ្ធផលត្រីមាសទី១ឆ្នាំ២០២៥នេះ ប្រទេសថៃបានរបូតតំណែងមហាអំណាចទេសចរណ៍ប្រចាំតំបន់អាស៊ានទៅម៉ាឡេស៊ី ដោយសារតែភ្ញៀវចិនជ្រើសរើសទៅកំសាន្តនៅម៉ាឡេស៊ីជំនួសប្រទេសថៃ។ គិតត្រឹមត្រីមាសទី១នៃឆ្នាំ២០២៥នេះ ម៉ាឡេស៊ីវ៉ាដាច់ប្រទេសថៃ ដោយទទួលបានភ្ញៀវទេចរណ៍អន្តរជាតិច្រើនជាងគេ ចំនួន ១០លាន១សែន២ម៉ឺននាក់ ខណៈថៃទទួលបានចំនួនតែ ៩លាន៥សែន៥ម៉ឺននាក់ រីឯលេខ៣បានទៅវៀតណាម ដោយទទួលបានភ្ញៀវទេសចរណ៍ ៦លាននាក់ និងលេខ៤ គឺសិង្ហបុរី ទទួលបានភ្ញៀវទេសចរណ៍ចំនួន ៤លាន៣សែន១ម៉ឺននាក់។ 

បញ្ហាពន្ធគយដែលប៉ះពាល់ដល់ការនាំចេញ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ បូករួមទាំងវិបត្តិនយោបាយ និងបំណុលគ្រួសារខ្ពស់ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យធនាគារ និងក្រុមហ៊ុនទូទៅនៅប្រទេសថៃប្រឈមសម្ពាធរហូតដល់ចុងឆ្នាំ បើធៀបនឹងបរិយាកាសសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងប្រទេសតំបន់អាស៊ានផ្សេងទៀត។ 

ធនាគារធំមួយរបស់ថៃ គឺ TMBThanachart Bank បានរាយការណ៍ថា ក្នុងត្រីមាសទី២ឆ្នាំ២០២៥ ខ្លួនរកបានប្រាក់ចំណូលសុទ្ធសរុបចំនួន ៥ពាន់លានបាត ស្មើប្រហែល ១៥៥លានដុល្លារអាមេរិក ធ្លាក់ចុះ ៧,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចំណែកធនាគារ Kasikornbank ក៏បានរាយការណ៍ការធ្លាក់ចុះប្រាក់ចំណេញសុទ្ធ ៣,២% ក្នុងរយៈពេលដូចគ្នាដែរ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider